នេហេ‌មា 13:26-31 Khmer Standard Version (KHSV)

26. ព្រោះ​តែ​បញ្ហា​នេះ​ហើយ​ដែល​ព្រះ‌បាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​ប្រព្រឹត្ត​អំពើ​បាប។ ក្នុង​ចំណោម​ស្ដេច​របស់​ជាតិ​សាសន៍​ទាំង​អស់ គ្មាន​ស្ដេច​ណា​មួយ​ដូច​ព្រះ‌បាទ​សាឡូម៉ូន​ទេ។ ព្រះ‌ជាម្ចាស់​ស្រឡាញ់​ព្រះ‌បាទ​សាឡូម៉ូន ព្រះ‌អង្គ​បាន​តែង‌តាំង​ស្ដេច​ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​អូស​ទាញ​ស្ដេច​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។

27. ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​ព្រះ​នៃ​យើង ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។

28. លោក​យ៉ូយ៉ា‌ដា​ជា​កូន​របស់​លោក​មហា​បូជា‌ចារ្យ​អេលីយ៉ាស៊ីប មាន​កូន​ប្រុស​ម្នាក់​ត្រូវ​ជា​កូន​ប្រសា​របស់​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម។ ខ្ញុំ​បាន​ដេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។

29. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ដែល​បាន​ធ្វើ​ឲ្យ​មុខ‌ងារ​របស់​ខ្លួន​ជា​បូជា‌ចារ្យ​ទៅ​ជា​សៅ‌ហ្មង ហើយ​ធ្វើ​ឲ្យ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ទៅ​ជា​ស្មៅ‌ហ្មង​ដែរ។

30. ខ្ញុំ​បាន​ជម្រះ​ពួក​គេ​ឲ្យ​ដាច់​ស្រឡះ​ពី​ជន​បរទេស ហើយ​ខ្ញុំ​បាន​ចេញ​ច្បាប់​ឲ្យ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី អនុវត្ត ស្រប​តាម​មុខ‌ងារ​របស់​ខ្លួន។

31. ខ្ញុំ​បាន​ចាត់​ចែង​ឲ្យ​ប្រជា‌ជន​យក​អុស​មក​ថ្វាយ​តាម​ពេល​កំណត់ ព្រម​ទាំង​តង្វាយ​ដែល​ជា​ផល​ដំបូង​នៃ​ដំណាំ​របស់​គេ​ដែរ។ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូលបង្គំ ហើយ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​សន្ដោស​ផង៕

នេហេ‌មា 13