23. នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួន រៀបការជាមួយស្ត្រីមកពីក្រុងអាសដូឌ ស្ត្រីសាសន៍អាំម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។
24. កូនរបស់ពួកគេចំនួនពាក់កណ្ដាលនិយាយភាសាអាសដូឌ គឺមិនចេះនិយាយភាសាយូដាទេ ពួកគេចេះនិយាយតែភាសារបស់ជនជាតិដទៃប៉ុណ្ណោះ។
25. ខ្ញុំបានស្ដីបន្ទោសអ្នកទាំងនោះ និងខ្ញុំដាក់បណ្ដាសាពួកគេ ខ្ញុំបានវាយអ្នកខ្លះ ព្រមទាំងទាញសក់ពួកគេ ហើយឲ្យពួកគេស្បថក្នុងព្រះនាមព្រះជាម្ចាស់ ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីឲ្យសាសន៍ដទៃ និងដណ្ដឹងកូនស្រីរបស់សាសន៍ដទៃ ឲ្យកូនប្រុសរបស់ខ្លួនឡើយ។
26. ព្រោះតែបញ្ហានេះហើយដែលព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្ដេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្ដេចណាមួយដូចព្រះបាទសាឡូម៉ូនទេ។ ព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូម៉ូន ព្រះអង្គបានតែងតាំងស្ដេចឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។
27. ដូច្នេះ យើងមិនចង់ឮដំណឹងថា អ្នករាល់គ្នាផ្ទាល់ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ហើយក្បត់នឹងព្រះនៃយើង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃឡើយ»។
28. លោកយ៉ូយ៉ាដាជាកូនរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប មានកូនប្រុសម្នាក់ត្រូវជាកូនប្រសារបស់លោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម។ ខ្ញុំបានដេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។