25. បន្ទាប់មក មានលោកម៉ាថានា លោកបាកប៊ូគា លោកអូបាឌា លោកមស៊ូឡាម លោកថាលម៉ូន និងលោកអ័កគូប ជាអ្នកយាមនៅមាត់ទ្វារព្រះវិហារ។
26. អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ និងជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមាកាន់តំណែងជាទេសាភិបាល ហើយលោកបូជាចារ្យអែសរ៉ាធ្វើជាបណ្ឌិតខាងវិន័យ។
27. លុះដល់ពេលសម្ពោធកំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ឲ្យមកក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀង កំដរដោយសំឡេងស្គរ ចាប៉ី និងពិណ។
28. ក្រុមចម្រៀងប្រមូលគ្នាផ្ដុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និងនៅតាមភូមិនានានៅតំបន់នថូផា
29. បេតគីលកាល តំបន់កេបា និងអាសម៉ាវែត ដ្បិតក្រុមចម្រៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។
30. ពួកបូជាចារ្យ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជាជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។
31. ខ្ញុំចាត់មេដឹកនាំរបស់ជនជាតិយូដាឲ្យឡើងទៅលើកំពែងក្រុង ហើយខ្ញុំក៏បានរៀបចំក្រុមចម្រៀងជាពីរពួកដែរ ក្រុមទីមួយដើរនៅលើកំពែងក្រុងប៉ែកខាងស្ដាំ ឆ្ពោះទៅកាន់ទ្វារសំរាម។
32. លោកហូសាយ៉ា និងមេដឹកនាំចំនួនពាក់កណ្ដាល ដើរពីក្រោយក្រុមនោះ
33. បន្ទាប់មក លោកអសារ៉ា លោកអែសរ៉ា លោកមស៊ូឡាម
34. លោកយូដា លោកបេនយ៉ាមីន លោកសេម៉ាយ៉ា លោកយេរេមា
35. ពួកបូជាចារ្យដែលកាន់ត្រែ លោកសាការី ជាកូនរបស់លោកយ៉ូណាថាន ដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកាយ៉ា ដែលត្រូវជាកូនរបស់លោកសាគើរ ដែលត្រូវជាកូនរបស់លោកអេសាភ
36. ព្រមទាំងបងប្អូនរបស់លោក គឺលោកសេម៉ាយ៉ា លោកអសារាល លោកមីឡាឡាយ លោកគីឡាឡាយ លោកម៉ាអាយ លោកនេថានេល លោកយូដា និងលោកហាណានី។ លោកទាំងនោះកាន់ឧបករណ៍តន្ដ្រីរបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកអែសរ៉ា ជាបណ្ឌិតខាងវិន័យ ដើរនៅខាងមុខគេ។
37. ពេលមកដល់មាត់ទ្វារប្រភពទឹក ពួកគេឡើងទៅបុរីព្រះបាទដាវីឌ តាមជណ្ដើរកំពែងដែលនៅទល់មុខនោះ កាត់តាមខាងលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារគង្គាដែលនៅខាងកើត។
38. ក្រុមចម្រៀងទីពីរដើរប៉ែកខាងឆ្វេង ខ្ញុំដើរតាមក្រោយពួកគេជាមួយប្រជាជន មួយផ្នែកទៀត នៅខាងលើកំពែងក្រុង។ យើងដើរកាត់ខាងលើប៉មឡភ្លើង រហូតដល់កំពែងធំ។