1. មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។
2. ប្រជាជនជូនពរដល់អស់អ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូសាឡឹម។
3. ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅរបស់អ្នកបម្រើព្រះបាទសាឡូម៉ូន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។
4. ប៉ុន្តែ មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនមួយចំនួន តាំងទីលំនៅ ក្នុងក្រុងយេរូសាឡឹម។ កូនចៅយូដាមានលោកអថាយ៉ាជាកូនរបស់លោកអ៊ូស៊ីយ៉ា ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកអម៉ារា ដែលត្រូវជាកូនរបស់លោកសេផាធា ដែលត្រូវជាកូនរបស់លោកម៉ាលេលាល ក្នុងអំបូរពេរេស។
5. លោកម៉ាសេយ៉ាជាកូនរបស់លោកបារូក ដែលត្រូវជាកូនរបស់លោកកុលហូសេ ដែលត្រូវជាកូនរបស់លោកហាសាយ៉ា ដែលត្រូវជាកូនរបស់លោកអដាយ៉ា ដែលត្រូវជាកូនរបស់លោកយ៉ូយ៉ារីប ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកស៊ីឡូនី។
6. កូនចៅរបស់លោកពេរេស ដែលមកតាំងទីលំនៅនៅក្រុងយេរូសាឡឹមសរុបទាំងអស់មាន៤៦៨នាក់ សុទ្ធសឹងជាមនុស្សដែលមានចិត្តអង់អាច។
7. កូនចៅបេនយ៉ាមីនមានលោកសាលូវ ជាកូនរបស់លោកមស៊ូឡាម ដែលត្រូវជាកូនរបស់លោកយ៉ូអេដ ដែលត្រូវជាកូនរបស់លោកពេដាយ៉ា ដែលត្រូវជាកូនរបស់លោកកូឡាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាសេយ៉ា ដែលត្រូវជាកូនរបស់លោកអ៊ីធាល ដែលត្រូវជាកូនរបស់លោកយេសាយ៉ា។
8. បន្ទាប់មក មានលោកកាបាយ និងលោកសាឡាយ។ សរុបទាំងអស់ កូនចៅរបស់បេនយ៉ាមីនមាន ៩២៨នាក់។
9. លោកយ៉ូអែល កូនរបស់លោកស៊ីកគ្រី ជាអធិការក្រុង ហើយលោកយូដាកូនរបស់លោកសេនួរ ជាអធិការរងរបស់ទីក្រុង។