28. ប្រជាជនឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ក្រុមបម្រើព្រះវិហារ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ព្រមទាំងប្រពន្ធ កូនប្រុសកូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន
29. នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមក្រឹត្យវិន័យ ដែលព្រះជាម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងច្បាប់ និងវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
30. យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅឲ្យជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ ឲ្យមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។
31. នៅថ្ងៃសប្ប័ទ* និងថ្ងៃបុណ្យផ្សេងៗ យើងមិនទិញទំនិញ ឬគ្រឿងបរិភោគ ដែលជនបរទេសយកមកលក់នោះឡើយ។ នៅឆ្នាំទីប្រាំពីរ យើងនឹងទុកដីឲ្យនៅទំនេរ ហើយលុបបំណុលគ្រប់យ៉ាង។
32. យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវថ្វាយប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តម្រូវការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់
33. គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងថ្វាយព្រះអម្ចាស់ តង្វាយអចិន្ត្រៃយ៍ តង្វាយដុតទាំងមូល* ដែលត្រូវថ្វាយជាអចិន្ត្រៃយ៍នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ យញ្ញបូជារំដោះបាបជនជាតិអ៊ីស្រាអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះនៃយើង។
34. ពួកយើងជាបូជាចារ្យ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សម្រាប់ព្រះដំណាក់របស់ព្រះនៃយើង គឺរៀងរាល់ឆ្នាំ យើងត្រូវយកអុសមកជាតង្វាយតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ដូចមានចែងទុកក្នុងក្រឹត្យវិន័យ។
35. យើងក៏សន្យាយកផលដំបូងនៃស្រែចម្ការ និងផ្លែឈើទាំងប៉ុន្មាន មកថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ជារៀងរាល់ឆ្នាំដែរ។
36. យើងនឹងនាំកូនប្រុសច្បងរបស់យើង មកថ្វាយព្រះអម្ចាស់ ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើង មកថ្វាយព្រះអង្គ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ គឺយើងនឹងនាំមកជូនក្រុមបូជាចារ្យ ដែលបម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះនៃយើង។