23. លោកម៉ូសេលើកដំបងតម្រង់ទៅលើមេឃ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ ព្រះអម្ចាស់ក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីប។
24. ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង លាយឡំនឹងរន្ទះយ៉ាងសាហាវ ក្នុងស្រុកអេស៊ីបទាំងមូល គឺតាំងពីប្រជាជាតិអេស៊ីបកកើតមក មិនដែលមានដូច្នេះទេ។
25. នៅពាសពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាល បំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។
26. មានតែស្រុកកូសែនជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅប៉ុណ្ណោះ ទើបគ្មានធ្លាក់ព្រឹល។
27. ព្រះចៅផារ៉ោនក៏កោះហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជឱង្ការថា៖ «លើកនេះ យើងបានប្រព្រឹត្តអំពើបាបមែន មានតែព្រះអម្ចាស់ទេដែលសុចរិត រីឯយើង និងប្រជារាស្ដ្ររបស់យើងជាមនុស្សអាក្រក់។
28. ចូរអង្វរព្រះអម្ចាស់ សូមកុំឲ្យមានផ្គរ និងព្រឹលតទៅទៀត។ យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅហើយ គ្មាននរណាឃាត់ឃាំងអ្នករាល់គ្នាទៀតទេ»។
29. លោកម៉ូសេតបវិញថា៖ «ពេលទូលបង្គំចាកចេញពីទីក្រុង ទូលបង្គំនឹងលើកដៃប្រណម្យ ទូលអង្វរព្រះអម្ចាស់ នោះផ្គរលាន់ និងព្រឹលមុខជាស្ងប់បាត់អស់ ហើយព្រះករុណានឹងទទួលស្គាល់ថា ផែនដីជារបស់ព្រះអម្ចាស់។