និក្ខមនំ 9:15-24 Khmer Standard Version (KHSV)

15. ប្រសិន​បើ​យើង​មិន​អាណិត​អ្នក​ទេ ម៉្លេះ​សម​យើង​ប្រើ​ជំងឺ​អាសន្ន‌រោគ​ប្រហារ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ឲ្យ​វិនាស​សូន្យ​ពី​ផែនដី​បាត់​ទៅ​ហើយ។

16. យើង​ទុក​ជីវិត​អ្នក ដើម្បី​ឲ្យ​អ្នក​ឃើញ​ឫទ្ធិ​បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ល្បី​សុស‌សាយ​ពាស‌ពេញ​ផែនដី។

17. អ្នក​បាន​ជំទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​មិន​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។

18. ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។

19. ឥឡូវ​នេះ ចូរ​ប្រាប់​គេ​ឲ្យ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​អ្នក​មាន​នៅ​តាម​វាល យក​ទៅ​ទុក។ ប្រសិន​បើ​មនុស្ស ឬ​សត្វ​ដែល​នៅ​តាម​វាល​គ្មាន​ជម្រក​ទេ ពេល​ព្រឹល​ធ្លាក់ ពួក​គេ​មុខ​ជា​វិនាស​មិន​ខាន”»។

20. នាម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​នាំ​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជម្រក។

21. រីឯ​អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ ក៏​ទុក​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ព្រឹល​ធ្លាក់​លើ​មនុស្ស លើ​សត្វ និង​លើ​តិណ​ជាតិ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល»។

23. លោក​ម៉ូសេ​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែនដី។ ព្រះ‌អម្ចាស់​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីប។

24. ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង លាយឡំ​នឹង​រន្ទះ​យ៉ាង​សាហាវ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គឺ​តាំង​ពី​ប្រជា‌ជាតិ​អេស៊ីប​កកើត​មក មិន​ដែល​មាន​ដូច្នេះ​ទេ។

និក្ខមនំ 9