12. ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
13. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្ដេចផារ៉ោន ប្រាប់ថា: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ “ចូរបើកឲ្យប្រជារាស្ត្ររបស់យើង ចេញទៅគោរពបម្រើយើង។
14. លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាងប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។
15. ប្រសិនបើយើងមិនអាណិតអ្នកទេ ម៉្លេះសមយើងប្រើជំងឺអាសន្នរោគប្រហារអ្នក និងប្រជារាស្ត្ររបស់អ្នក ឲ្យវិនាសសូន្យពីផែនដីបាត់ទៅហើយ។
16. យើងទុកជីវិតអ្នក ដើម្បីឲ្យអ្នកឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងល្បីសុសសាយពាសពេញផែនដី។
17. អ្នកបានជំទាស់នឹងប្រជារាស្ត្ររបស់យើង ដោយមិនបើកឲ្យគេចេញទៅទេ។
18. ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យមានព្រឹលធ្លាក់មកយ៉ាងខ្លាំង គឺតាំងពីស្រុកអេស៊ីបកកើតរហូតមកទល់សព្វថ្ងៃ គេមិនដែលជួបប្រទះបែបនេះទេ។
19. ឥឡូវនេះ ចូរប្រាប់គេឲ្យប្រមូលហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មានដែលអ្នកមាននៅតាមវាល យកទៅទុក។ ប្រសិនបើមនុស្ស ឬសត្វដែលនៅតាមវាលគ្មានជម្រកទេ ពេលព្រឹលធ្លាក់ ពួកគេមុខជាវិនាសមិនខាន”»។
20. នាម៉ឺនមន្ត្រីមួយចំនួន ដែលកោតខ្លាចព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏នាំអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួនចូលក្នុងជម្រក។
21. រីឯអស់អ្នកដែលមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ ក៏ទុកអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។
22. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានព្រឹលធ្លាក់លើមនុស្ស លើសត្វ និងលើតិណជាតិទាំងអស់ក្នុងស្រុកអេស៊ីបទាំងមូល»។
23. លោកម៉ូសេលើកដំបងតម្រង់ទៅលើមេឃ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ ព្រះអម្ចាស់ក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីប។
24. ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង លាយឡំនឹងរន្ទះយ៉ាងសាហាវ ក្នុងស្រុកអេស៊ីបទាំងមូល គឺតាំងពីប្រជាជាតិអេស៊ីបកកើតមក មិនដែលមានដូច្នេះទេ។
25. នៅពាសពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាល បំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។
26. មានតែស្រុកកូសែនជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅប៉ុណ្ណោះ ទើបគ្មានធ្លាក់ព្រឹល។