1. បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺមានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង”។
2. ប្រសិនបើព្រះករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះករុណានៅតែឃាត់ពួកគេ
3. នោះព្រះអម្ចាស់នឹងប្រើបារមីរបស់ព្រះអង្គ ប្រហារហ្វូងសត្វរបស់ព្រះករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្នរោគយ៉ាងធ្ងន់ធ្ងរ។
4. ប៉ុន្តែ ព្រះអម្ចាស់មិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ឲ្យវិនាស ដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។
5. ព្រះអម្ចាស់កំណត់ពេលវេលា ដោយមានព្រះបន្ទូលថា ស្អែកព្រះអង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។
6. នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាសឡើយ។
7. ព្រះចៅផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្ដេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។
8. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកដៃក្ដាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសេបាចឡើងទៅលើ នៅចំពោះមុខស្ដេចផារ៉ោន