1. បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺមានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង”។
2. ប្រសិនបើព្រះករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះករុណានៅតែឃាត់ពួកគេ
3. នោះព្រះអម្ចាស់នឹងប្រើបារមីរបស់ព្រះអង្គ ប្រហារហ្វូងសត្វរបស់ព្រះករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្នរោគយ៉ាងធ្ងន់ធ្ងរ។
4. ប៉ុន្តែ ព្រះអម្ចាស់មិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ឲ្យវិនាស ដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។
5. ព្រះអម្ចាស់កំណត់ពេលវេលា ដោយមានព្រះបន្ទូលថា ស្អែកព្រះអង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។
6. នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាសឡើយ។
7. ព្រះចៅផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្ដេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។
8. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកដៃក្ដាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសេបាចឡើងទៅលើ នៅចំពោះមុខស្ដេចផារ៉ោន
9. ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយជាដំបៅងាទៀតផង»។
10. លោកម៉ូសេ និងលោកអើរ៉ុនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅគាល់ព្រះចៅផារ៉ោន។ លោកម៉ូសេបាចផេះទៅលើ បណ្ដាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។
11. ពួកគ្រូធ្មប់ពុំអាចមកជួបលោកម៉ូសេបានទេ ព្រោះពួកគេកើតបូសពេញខ្លួន ដូចជនជាតិអេស៊ីបទាំងអស់ដែរ។
12. ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។