6. លោកអើរ៉ុនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។
7. ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគមធ្វើបានដូចគ្នា គឺឲ្យកង្កែបចេញមករាតត្បាតស្រុកអេស៊ីប។
8. ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «ចូរអង្វរព្រះអម្ចាស់ឲ្យយកកង្កែបចេញពីយើង និងប្រជារាស្ដ្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជនរបស់អ្នក ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់!»។
9. លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណាមេត្តាកំណត់ពេលវេលា ដែលទូលបង្គំត្រូវអង្វរព្រះអម្ចាស់សម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
10. ព្រះចៅផារ៉ោនពោលថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនឹងធ្វើតាមព្រះរាជឱង្ការ ដើម្បីឲ្យព្រះករុណាទទួលស្គាល់ថា គ្មានព្រះឯណាដូចព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឡើយ។
11. កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា ពីនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
12. បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុនចាកចេញពីព្រះចៅផារ៉ោន ហើយលោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ សូមព្រះអង្គដកកង្កែបដែលព្រះអង្គនាំមកធ្វើទុក្ខស្ដេចផារ៉ោន។