3. កង្កែបនឹងកើតពេញទន្លេនីល វានឹងលោតចូលទៅក្នុងវាំង ក្នុងបន្ទប់ ហើយក្នុងក្រឡាបន្ទំរបស់អ្នកទៀតផង។ កង្កែបទាំងនោះនឹងលោតចូលទៅក្នុងផ្ទះនាម៉ឺនសព្វមុខមន្ត្រី និងផ្ទះប្រជារាស្ត្ររបស់អ្នក ព្រមទាំងចូលទៅក្នុងចង្ក្រាន និងផើងម្សៅ។
4. វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និងលើរូបកាយប្រជារាស្ដ្ររបស់អ្នកទៀតផង”»។
5. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់អើរ៉ុនថា: “សូមបងលើកដំបងវាយទឹកទន្លេ ព្រែក និងត្រពាំង ដើម្បីឲ្យកង្កែបឡើងមករាតត្បាតស្រុកអេស៊ីប”»។
6. លោកអើរ៉ុនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។
7. ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគមធ្វើបានដូចគ្នា គឺឲ្យកង្កែបចេញមករាតត្បាតស្រុកអេស៊ីប។
8. ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «ចូរអង្វរព្រះអម្ចាស់ឲ្យយកកង្កែបចេញពីយើង និងប្រជារាស្ដ្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជនរបស់អ្នក ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់!»។
9. លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណាមេត្តាកំណត់ពេលវេលា ដែលទូលបង្គំត្រូវអង្វរព្រះអម្ចាស់សម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។