25. ក្រោយពីព្រះអម្ចាស់វាយទឹកទន្លេនីលបានប្រាំពីរថ្ងៃ
22. ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងស្ថិតនៅក្នុងស្រុកនេះ។
23. យើងមិនបណ្តោយឲ្យប្រជារាស្ដ្ររបស់យើង រងគ្រោះដោយសាររុយជាមួយប្រជារាស្ដ្ររបស់អ្នកទេ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។
24. ព្រះអម្ចាស់ធ្វើតាមព្រះបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្ដេចផារ៉ោន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។
25. ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជឱង្ការថា៖ «ចូរធ្វើយញ្ញបូជាថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។
26. ប៉ុន្តែ លោកម៉ូសេទូលថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើយញ្ញបូជា គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្មគប់សម្លាប់យើងខ្ញុំមិនខាន។
27. យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ តាមរបៀបដែលព្រះអង្គនឹងបង្ហាញប្រាប់យើងខ្ញុំ»។
28. ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា នៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរទូលអង្វរព្រះអង្គឲ្យយើងផង»។
29. លោកម៉ូសេតបថា៖ «ពេលចាកចេញពីព្រះករុណាទៅ ទូលបង្គំនឹងទូលអង្វរព្រះអម្ចាស់។ ស្អែករុយនឹងចាកចេញពីព្រះករុណា ពីនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណាទៀតផង។ ប៉ុន្តែ សូមព្រះករុណាឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ឡើយ»។
30. លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។
31. ព្រះអម្ចាស់ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺព្រះអង្គបំបាត់រុយទាំងអស់ចេញពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្ដេច ឥតមានទុកឲ្យនៅសល់មួយឡើយ។
32. ប៉ុន្តែ ម្ដងនេះទៀត ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅទេ។