11. ប៉ុន្តែ ព្រះចៅផារ៉ោនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។
12. ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយជាពស់ ប៉ុន្តែ ដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់ពួកគេអស់។
13. ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់ គឺស្ដេចមិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុនទេ។
14. បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ស្ដេចផារ៉ោនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
15. ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។
16. ចូរប្រាប់ស្ដេចផារ៉ោនថា: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺ ចាត់ទូលបង្គំឲ្យមកទូលព្រះករុណាថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើងចេញទៅគោរពបម្រើយើង នៅវាលរហោស្ថាន!” ប៉ុន្តែ រហូតមកដល់ពេលនេះ ព្រះករុណាមិនព្រមស្ដាប់ទេ។
17. ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា “ម្ដងនេះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”។ “ទូលបង្គំនឹងយកដំបងដែលទូលបង្គំកាន់វាយទឹកទន្លេនីល ហើយទឹកនេះនឹងក្លាយទៅជាឈាម។
18. ត្រីទាំងអស់នៅក្នុងទន្លេនីលនឹងត្រូវវិនាស ទឹកទន្លេនឹងធុំក្លិនស្អុយ ជនជាតិអេស៊ីបមិនអាចផឹកទឹកនេះបានទៀតឡើយ”»។
19. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅនេះ៖ «ចូរប្រាប់អើរ៉ុនថា: សូមបងយកដំបងរបស់បង ហើយលើកដៃវាយទឹករបស់ស្រុកអេស៊ីប គឺទន្លេ ព្រែក បឹង ត្រពាំង ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម។ ឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីប សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។
20. លោកម៉ូសេ និងលោកអើរ៉ុន ធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ គឺលោកអើរ៉ុនលើកដំបងវាយទឹកទន្លេនីល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះចៅផារ៉ោន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។