1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះ នៅចំពោះមុខស្ដេចផារ៉ោន រីឯអើរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។
2. អ្នកនឹងប្រាប់អើរ៉ុននូវសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក ហើយគាត់នាំយកសេចក្ដីទាំងនោះទៅប្រាប់ស្ដេចផារ៉ោន ដើម្បីស្ដេចអនុញ្ញាតឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
3. រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងរូស យើងនឹងបង្ហាញឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យជាច្រើននៅស្រុកអេស៊ីប។
4. ស្ដេចផារ៉ោននឹងមិនស្ដាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។
5. ពេលណាយើងវាយប្រហារស្រុកអេស៊ីប ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកនោះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។
6. លោកម៉ូសេ និងលោកអើរ៉ុនធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់សព្វគ្រប់ទាំងអស់។
7. នៅពេលលោកទាំងពីរទៅគាល់ព្រះចៅផារ៉ោននោះ លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ លោកអើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។
8. ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេ និងលោកអើរ៉ុនថា៖
9. «ប្រសិនបើស្ដេចផារ៉ោនទាមទារឲ្យអ្នកសម្តែងបាដិហារិយ៍នោះ ត្រូវប្រាប់អើរ៉ុនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្ដេចផារ៉ោន” ដំបងនោះនឹងក្លាយទៅជាពស់»។