8. បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិកជាមួយអប្រាហាំអ៊ីសាក និងយ៉ាកុប ហើយយើងឲ្យស្រុកនោះដល់អ្នករាល់គ្នាជាមត៌ក យើងជាព្រះអម្ចាស់!»។
9. លោកម៉ូសេក៏នាំព្រះបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។
10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖
11. «ចូរទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបទៅ»។
12. លោកម៉ូសេទូលព្រះអង្គថា៖ «សូម្បីតែជនជាតិអ៊ីស្រាអែលក៏មិនព្រមស្ដាប់ទូលបង្គំផង ធ្វើដូចម្ដេចឲ្យស្ដេចផារ៉ោនស្ដាប់ទូលបង្គំ ជាមនុស្សដែលគ្មានវោហារនេះ!»។
13. ដូច្នេះ ព្រះអម្ចាស់បង្គាប់លោកម៉ូសេ និងលោកអើរ៉ុន ឲ្យនាំព្រះបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងស្ដេចផារ៉ោន ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
14. នេះជាបញ្ជីរាយនាមមេគ្រួសារនៃបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែល:កូនរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល មានហេណុក ប៉ាលូវ ហេតស្រុន និងកើមី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូររូបេន។
15. កូនរបស់លោកស៊ីម្មានមានយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរស៊ីម្មាន។