4. យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។
5. យើងឮជនជាតិអ៊ីស្រាអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។
6. ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: យើងជាព្រះអម្ចាស់ យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយឫទ្ធិអំណាចរបស់យើង។
7. យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។
8. បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិកជាមួយអប្រាហាំអ៊ីសាក និងយ៉ាកុប ហើយយើងឲ្យស្រុកនោះដល់អ្នករាល់គ្នាជាមត៌ក យើងជាព្រះអម្ចាស់!»។
9. លោកម៉ូសេក៏នាំព្រះបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។
10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖
11. «ចូរទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបទៅ»។
12. លោកម៉ូសេទូលព្រះអង្គថា៖ «សូម្បីតែជនជាតិអ៊ីស្រាអែលក៏មិនព្រមស្ដាប់ទូលបង្គំផង ធ្វើដូចម្ដេចឲ្យស្ដេចផារ៉ោនស្ដាប់ទូលបង្គំ ជាមនុស្សដែលគ្មានវោហារនេះ!»។
13. ដូច្នេះ ព្រះអម្ចាស់បង្គាប់លោកម៉ូសេ និងលោកអើរ៉ុន ឲ្យនាំព្រះបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងស្ដេចផារ៉ោន ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
14. នេះជាបញ្ជីរាយនាមមេគ្រួសារនៃបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែល:កូនរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល មានហេណុក ប៉ាលូវ ហេតស្រុន និងកើមី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូររូបេន។
15. កូនរបស់លោកស៊ីម្មានមានយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរស៊ីម្មាន។
16. រីឯកូនចៅរបស់លោកលេវីមានរាយនាមតាមតំណវង្សត្រកូលដូចតទៅ:កូនរបស់លោកលេវីមានគើសុន កេហាត់ និងម៉្រារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
17. កូនរបស់គើសុនមានលីបនី និងស៊ីម៉ៃ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។
18. កូនរបស់កេហាត់មានអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូសាល។ លោកកេហាត់រស់បានមួយរយសាមសិបបីឆ្នាំ។
19. កូនរបស់ម៉្រារីមានម៉ាស់លី និងមូស៊ី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។
20. លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្ដាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺលោកអើរ៉ុន និងលោកម៉ូសេ។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។