និក្ខមនំ 5:16-23 Khmer Standard Version (KHSV)

16. គេ​មិន​បាន​ផ្ដល់​ចំបើង​ឲ្យ​ពួក​ទូលបង្គំ​ទេ ហើយ​គេ​បញ្ជា​ឲ្យ​ពួក​ទូលបង្គំ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ព្រម​ទាំង​វាយ​ពួក​ទូលបង្គំ​ទៀត​ផង។ ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា​ខុស​ហើយ!»។

17. ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល មនុស្ស​ច្រអូស! ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ពោល​ថា “សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់”!។

18. ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទៅ​ធ្វើ​ការ​វិញ​ទៅ។ យើង​គ្មាន​ចំបើង​ឲ្យ​ទេ ប៉ុន្តែ ត្រូវ​ធ្វើ​ដុំ​ឥដ្ឋ​ឲ្យ​បាន​គ្រប់​ចំនួន»។

19. កាល​ឮ​ថា គេ​មិន​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ដែល​ត្រូវ​ផលិត​ប្រចាំ​ថ្ងៃ​ទេ​នោះ ពួក​មេ​ក្រុម​អ៊ីស្រា‌អែល​ដឹង​ថា ខ្លួន​ធ្លាក់​ក្នុង​ស្ថាន​ភាព​លំបាក​វេទនា​ហើយ។

20. ពេល​ចេញ​ពី​គាល់​ព្រះចៅ​ផារ៉ោន​វិញ ពួក​គេ​មក​រក​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដែល​កំពុង​តែ​រង់‌ចាំ​ពួក​គេ។

21. ពួក​គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​ដាក់​ទោស​លោក​ទាំង​ពីរ​ចុះ! លោក​ទាំង​ពីរ​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី​ទាំង​អស់​ស្អប់​ពួក​យើង។ លោក​ទាំង​ពីរ​បាន​ហុច​ដាវ​ទៅ​ឲ្យ​ពួក​គេ​សម្លាប់​យើង»។

22. លោក​ម៉ូសេ​បែរ​ទៅ​រក​ព្រះ‌អម្ចាស់ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​បាប​ប្រជា‌ជន​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ចាត់​ទូលបង្គំ​ឲ្យ​មក?

23. តាំង​ពី​ទូលបង្គំ​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​មក ស្ដេច​នោះ​បាន​ធ្វើ​បាប​ប្រជា‌ជន​នេះ តែ​ព្រះ‌អង្គ​មិន​បាន​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​សោះ»។

និក្ខមនំ 5