1. បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅនេះ: ចូរអនុញ្ញាតឲ្យប្រជារាស្ដ្រយើង ចេញទៅធ្វើពិធីបុណ្យគោរពយើងនៅវាលរហោស្ថាន»។
2. ព្រះចៅផារ៉ោនតបថា៖ «តើព្រះអម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះអម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយ»។
3. លោកទាំងពីរទូលស្ដេចទៀតថា៖ «ព្រះនៃជនជាតិហេប្រឺបានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ព្រះអង្គនឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។
4. ស្ដេចស្រុកអេស៊ីបមានរាជឱង្ការមកកាន់លោកទាំងពីរថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍ពួកអ៊ីស្រាអែលឲ្យឈប់ធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។
5. ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលមានចំនួនច្រើននៅក្នុងស្រុក តើអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការដូចម្ដេចបាន?»។
6. នៅថ្ងៃដដែលនោះ ព្រះចៅផារ៉ោនបានបញ្ជាមេត្រួតត្រាលើប្រជាជន និងមេក្រុមថា៖
7. «មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែល សម្រាប់ធ្វើដុំឥដ្ឋដូចពីមុនទៀតទេ គឺឲ្យពួកគេទៅរកចំបើងដោយខ្លួនឯង។
8. ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើដុំឥដ្ឋគ្រប់ចំនួនដដែល កុំបន្ថយចំនួនឡើយ។ ពួកគេសុទ្ធតែជាមនុស្សខ្ជិល ហេតុនេះហើយបានជាគេទាមទារសុំចេញទៅថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។
9. ត្រូវដាក់ការងារឲ្យពួកគេធ្វើកាន់តែធ្ងន់ធ្ងរថែមទៀត ដើម្បីកុំឲ្យពួកគេមានពេលគិតអំពីការភូតភរបានឡើយ»។
10. ពួកមេត្រួតត្រាលើប្រជាជន និងពួកមេក្រុម ពោលមកកាន់ជនជាតិអ៊ីស្រាអែល ដូចតទៅ៖ «ព្រះចៅផារ៉ោនមានរាជឱង្ការថា: យើងឈប់ផ្ដល់ចំបើងឲ្យអ្នករាល់គ្នាទៀតហើយ។