23. គេរៀបចំនំប៉័ងសម្រាប់ថ្វាយព្រះអម្ចាស់ ដាក់នៅលើតុ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
24. គេដាក់ជើងចង្កៀងក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងត្បូងព្រះពន្លា ទល់មុខនឹងតុ
25. គេអុជចង្កៀងទាំងអស់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
26. គេដាក់អាសនៈមាសក្នុងពន្លាជួបព្រះអម្ចាស់ ពីមុខវាំងនន។
27. គេដុតគ្រឿងក្រអូបនៅលើអាសនៈនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
28. គេចងវាំងនននៅមាត់ទ្វារចូលព្រះពន្លា។
29. គេដាក់អាសនៈសម្រាប់ថ្វាយតង្វាយដុត នៅជិតទ្វារចូលព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។ គេថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈនេះ ដូចព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
30. គេតម្កល់អាងនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសម្រាប់ធ្វើពិធីជម្រះកាយ។
31. លោកម៉ូសេ លោកអើរ៉ុន និងកូនប្រុសរបស់លោក ប្រើទឹកក្នុងអាងនេះ សម្រាប់ពិធីលាងដៃ និងលាងជើង។
32. ពេលពួកលោកចូលទៅក្នុងពន្លា ឬចូលទៅជិតអាសនៈ ពួកលោកតែងតែធ្វើពិធីលាងជម្រះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
33. នៅទីបញ្ចប់ លោកម៉ូសេឲ្យគេដំឡើងរនាំងរបស់ទីលាន នៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងចងវាំងនន នៅមាត់ទ្វារចូលទីលាន។
34. ពេលនោះ មានពពក*មកគ្របបាំងលើពន្លាជួបព្រះអម្ចាស់ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។
35. លោកម៉ូសេពុំអាចចូលទៅក្នុងពន្លាជួបព្រះអម្ចាស់បានឡើយ ព្រោះមានពពកមកគ្របបាំងលើពន្លានោះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។
36. ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នារើជំរំ ចេញដំណើរទៅមុខ។
37. ប្រសិនបើពពកមិនអណ្ដែតឡើងពីព្រះពន្លាទេ ជនជាតិអ៊ីស្រាអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃដែលពពកអណ្ដែតឡើង។
38. គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពក*របស់ព្រះអម្ចាស់ស្ថិតនៅលើព្រះពន្លា នៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។