15. ហើយចាក់ប្រេងតែងតាំងពួកគេ ដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ពិធីចាក់ប្រេងនេះបញ្ជាក់ថា ពួកគេ និងពូជពង្សរបស់ពួកគេ មានមុខងារជាបូជាចារ្យរហូតតទៅ»។
16. លោកម៉ូសេធ្វើតាមព្រះបន្ទូលទាំងអស់ ដែលព្រះអម្ចាស់បានបង្គាប់លោក។
17. ជនជាតិអ៊ីស្រាអែលដំឡើងព្រះពន្លា នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។
18. លោកម៉ូសេឲ្យគេដំឡើងព្រះពន្លា ដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។
19. គេលាតក្រណាត់បាំងព្រះពន្លា ដាក់ក្រណាត់គ្របពីលើ ដូចព្រះអម្ចាស់បង្គាប់លោកម៉ូសេ។
20. លោកម៉ូសេយកបន្ទះថ្មនៃសន្ធិសញ្ញាដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគម្របមកគ្របលើហិបនោះ។
21. គេយកហិបទៅដាក់ក្នុងព្រះពន្លា ហើយចងវាំងនន និងបាំងហិបនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
22. គេដាក់តុសក្ការៈក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងជើងព្រះពន្លា និងនៅពីមុខវាំងនន
23. គេរៀបចំនំប៉័ងសម្រាប់ថ្វាយព្រះអម្ចាស់ ដាក់នៅលើតុ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
24. គេដាក់ជើងចង្កៀងក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងត្បូងព្រះពន្លា ទល់មុខនឹងតុ
25. គេអុជចង្កៀងទាំងអស់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។