1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។
3. ចូរតម្កល់ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា រួចយកវាំងននមកបាំង។
4. ចូរយកតុសក្ការៈមក ហើយអ្វីៗដែលត្រូវដាក់នៅលើតុ ត្រូវរៀបចំឲ្យបានរៀបរយ។ ចូរយកជើងចង្កៀងមក រួចរៀបចំដុតចង្កៀងទាំងអស់នៅលើនោះផង។
5. ចូរដាក់អាសនៈមាស សម្រាប់ដុតគ្រឿងក្រអូប នៅខាងមុខហិបនៃសម្ពន្ធមេត្រី ហើយបាំងវាំងនននៅទ្វារចូលព្រះពន្លា។
6. ចូរដាក់អាសនៈសម្រាប់ថ្វាយតង្វាយដុត នៅខាងមុខទ្វារព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។
7. ចូរដាក់អាងសម្រាប់ពិធីជម្រះកាយ នៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ ហើយចាក់ទឹកបំពេញអាងនោះផង។
8. ចូរដំឡើងរនាំងទីលាននៅជុំវិញ ហើយបាំងវាំងនននៅទ្វារចូលទីលានផង។
9. ចូរយកប្រេងសម្រាប់ពិធីលាបប្រេងមក រួចធ្វើពិធីលាបប្រេងលើព្រះពន្លា និងអ្វីៗទាំងអស់នៅក្នុងនោះ។ ចូរញែកព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់ជាសក្ការៈ នោះព្រះពន្លានឹងទៅជាសក្ការៈ។
10. ចូរធ្វើពិធីលាបប្រេងលើអាសនៈថ្វាយតង្វាយដុត និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ ចូរញែកអាសនៈជាសក្ការៈ នោះអាសនៈនឹងទៅជាសក្ការៈបំផុត។
11. ចូរធ្វើពិធីលាបប្រេងលើអាង និងកំណល់ ដើម្បីញែកអាងនោះជាសក្ការៈ។
12. ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ ចូលមកមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។