4. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ លោកលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់លោក។
5. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រាអែលនឹងជឿថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប បានបង្ហាញព្រះអង្គឲ្យអ្នកឃើញមែន»។
6. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកទៅ»។ លោកម៉ូសេក៏ដាក់ដៃលើទ្រូង រួចពេលដកដៃមកវិញ លោកឃើញដៃលោកកើតឃ្លង់ ឡើងសដូចកប្បាស។
7. ព្រះអម្ចាស់បញ្ជាទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកម្ដងទៀត»។ លោកម៉ូសេដាក់ដៃលើទ្រូង ហើយពេលលោកដកដៃមកវិញ លោកឃើញដៃលោកជាដូចធម្មតា។
8. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើពួកគេមិនជឿអ្នក ហើយមិនយកចិត្តទុកដាក់នឹងទីសម្គាល់ទីមួយទេ គេមុខជាជឿលើទីសម្គាល់ក្រោយនេះ។
9. ប្រសិនបើពួកគេនៅតែមិនជឿលើទីសម្គាល់ទាំងពីរនេះ ហើយមិនស្ដាប់សម្ដីរបស់អ្នកទេ ចូរយកទឹកទន្លេនីលទៅចាក់លើដីស្ងួត ទឹកដែលអ្នកយកពីទន្លេនីលមកនោះ នឹងក្លាយទៅជាឈាមនៅលើដីស្ងួត»។
10. លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់តាំងតែពីដើមរៀងមក រហូតដល់ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំ ទូលបង្គំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតទូលបង្គំមិនប្រសប់និយាយ»។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី?
12. ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយ យើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្ដីដែលត្រូវនិយាយ»។
13. លោកម៉ូសេទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមព្រះអង្គចាត់នរណាម្នាក់ទៀតឲ្យទៅចុះ!»។
14. ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងលោកម៉ូសេយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ឈ្មោះអើរ៉ុន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។