22. ត្រូវប្រាប់ស្ដេចផារ៉ោនថា: “ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជាជនអ៊ីស្រាអែលជាកូនច្បងរបស់យើង
23. ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។
24. ពេលធ្វើដំណើរ លោកម៉ូសេឈប់សម្រាកនៅកន្លែងមួយ យប់នោះ ព្រះអម្ចាស់ក៏ចូលមកជិត ដើម្បីរកសម្លាប់លោក។
25. នាងសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម កាត់ស្បែកចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់លោកម៉ូសេ ទាំងពោលថា៖ «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!»។
26. ពេលនោះ ព្រះអម្ចាស់ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។
27. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «ចូរចេញទៅជួបម៉ូសេនៅវាលរហោស្ថាន»។ លោកអើរ៉ុនក៏ចេញទៅជួបលោកម៉ូសេ នៅភ្នំរបស់ព្រះជាម្ចាស់ ហើយឱបលោក។
28. លោកម៉ូសេរៀបរាប់ប្រាប់លោកអើរ៉ុនអំពីព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ចាត់លោកឲ្យមកប្រកាស។ លោកក៏រៀបរាប់អំពីទីសម្គាល់ទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់ឲ្យលោកធ្វើទៀតផង។
29. បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាទៅប្រមូលចាស់ទុំទាំងអស់របស់អ៊ីស្រាអែល។
30. លោកអើរ៉ុនរៀបរាប់អំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលប្រាប់លោកម៉ូសេ ព្រមទាំងធ្វើទីសម្គាល់ឲ្យប្រជាជនឃើញផង។
31. ប្រជាជននាំគ្នាជឿ ហើយយល់ថា ព្រះអម្ចាស់បានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល ហើយព្រះអង្គមកសង្គ្រោះពួកគេ។ ពួកគេក៏អោនកាយ ក្រាបថ្វាយបង្គំព្រះអង្គ។