13. លោកម៉ូសេទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមព្រះអង្គចាត់នរណាម្នាក់ទៀតឲ្យទៅចុះ!»។
14. ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងលោកម៉ូសេយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ឈ្មោះអើរ៉ុន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។
15. អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួសនូវសេចក្ដី ដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។
16. គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាព្រះសម្រាប់គាត់។
17. ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសម្គាល់ដ៏អស្ចារ្យផ្សេងៗ»។
18. លោកម៉ូសេក៏ចេញទៅ ត្រឡប់ទៅជួបលោកយេត្រូ ជាឪពុកក្មេក ហើយជម្រាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីឲ្យដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «ចូរកូនទៅដោយសុខសាន្តចុះ!»។
19. នៅស្រុកម៉ាឌាន ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។
20. លោកម៉ូសេនាំប្រពន្ធ កូន ជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញ។ លោកបានកាន់ដំបងរបស់ព្រះជាម្ចាស់ទៅជាមួយដែរ។
21. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងផ្ដល់អំណាចឲ្យអ្នកសម្តែងឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះឲ្យស្ដេចផារ៉ោនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញមកទេ។
22. ត្រូវប្រាប់ស្ដេចផារ៉ោនថា: “ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជាជនអ៊ីស្រាអែលជាកូនច្បងរបស់យើង
23. ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។
24. ពេលធ្វើដំណើរ លោកម៉ូសេឈប់សម្រាកនៅកន្លែងមួយ យប់នោះ ព្រះអម្ចាស់ក៏ចូលមកជិត ដើម្បីរកសម្លាប់លោក។