11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី?
12. ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយ យើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្ដីដែលត្រូវនិយាយ»។
13. លោកម៉ូសេទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមព្រះអង្គចាត់នរណាម្នាក់ទៀតឲ្យទៅចុះ!»។
14. ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងលោកម៉ូសេយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ឈ្មោះអើរ៉ុន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។
15. អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួសនូវសេចក្ដី ដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។
16. គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាព្រះសម្រាប់គាត់។