1. លោកម៉ូសេឆ្លើយថា៖ «ប្រហែលជាជនជាតិអ៊ីស្រាអែលមិនជឿ ហើយមិនស្ដាប់សម្ដីទូលបង្គំទេ។ ពួកគេនឹងពោលមកទូលបង្គំថា “ព្រះអម្ចាស់មិនបានបង្ហាញឲ្យអ្នកឃើញព្រះអង្គឡើយ”»។
2. ព្រះអម្ចាស់សួរលោកថា៖ «តើអ្នកកាន់អ្វី?» លោកឆ្លើយថា៖ «ទូលបង្គំកាន់ដំបង»។
3. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!»។ លោកម៉ូសេបោះដំបងទៅដី ដំបងនោះក៏ក្លាយជាពស់។ លោកម៉ូសេរត់ចេញពីពស់។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ លោកលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់លោក។
5. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រាអែលនឹងជឿថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប បានបង្ហាញព្រះអង្គឲ្យអ្នកឃើញមែន»។