2. គេបានធ្វើអាវអេផូដដោយប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងអំបោះធ្មៃ។
3. គេបានដំមាសជាបន្ទះយ៉ាងស្ដើង ហើយកាត់ជាសរសៃយ៉ាងឆ្មារ យកទៅប៉ាក់លំអជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម ក្រហមទុំ និងអំបោះធ្មៃ។
4. គេធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ*។
5. រីឯខ្សែក្រវាត់របស់អាវអេផូដ គេធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ គេដេរខ្សែក្រវាត់នេះជាប់នឹងអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
6. គេធ្វើក្រចាប់មាសបង្កប់ត្បូងមណីជោតិរស ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ តាមរបៀបដូចគេឆ្លាក់ត្រា។
7. គេដាំត្បូងទាំងនោះភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាង ដើម្បីឲ្យព្រះអម្ចាស់នឹកដល់កូនរបស់អ៊ីស្រាអែល ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
8. គេបានធ្វើប្រដាប់ពាក់លើទ្រូងមួយ តាមរបៀបដូចគេធ្វើអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។
9. ប្រដាប់ពាក់លើទ្រូងនេះមានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។