និក្ខមនំ 39:19-38 Khmer Standard Version (KHSV)

19. គេ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​នឹង​មុម​ខាង​ក្រោម​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង គឺ​មុម​ដែល​ប៉ះ​នឹង​អាវ​អេផូដ។

20. គេ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​ចុង​ខាង​ក្រោម​នៃ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ត្រង់​កន្លែង​ដែល​ខ្សែ​ព្រយុង និង​អាវ​អេផូដ​ដេរ​ជាប់​គ្នា ហើយ​នៅ​ពី​លើ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ។

21. គេ​យក​ខ្សែ​ពណ៌​ស្វាយ​ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អាវ​អេផូដ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

22. គេ​ធ្វើ​អាវ​វែង​មួយ​សម្រាប់​ពាក់​ពី​ក្រោម​អាវ​អេផូដ​អំពី​ក្រណាត់ ដែល​ត្បាញ​ដោយ​អំបោះ​ពណ៌​ស្វាយ​ទាំង​អស់។

23. នៅ​ផ្នែក​ខាង​លើ​របស់​អាវ​វែង​នោះ គេ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​ដូច​អាវ​ស្បែក។ គេ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​ឆាប់​រហែក គឺ​ដេរ​តាម​របៀប​ដេរ​ជាយ​អាវ​ស្បែក។

24. នៅ​តាម​ជាយ​អាវ​ខាង​ក្រោម គេ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ដោយ​ប្រើ​អំបោះ​ធ្មៃ។

25. គេ​ក៏​ធ្វើ​កូន​កណ្ដឹង​ជា​ច្រើន​ពី​មាស​សុទ្ធ ហើយ​ដាក់​កូន​កណ្ដឹង​នោះ​នៅ​ចន្លោះ​រូប​ផ្លែ​ទទឹម​ជុំ‌វិញ​ជាយ​អាវ​វែង។

26. គេ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ ឆ្លាស់​គ្នា​ជុំ‌វិញ​ជាយ​អាវ​វែង សម្រាប់​ពាក់​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

27. គេ​បាន​ត្បាញ​អាវ​ក្នុង​ពី​អំបោះ​ធ្មៃ សម្រាប់​លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក។

28. គេ​ក៏​បាន​ធ្វើ​ឆ្នួត​ក្បាល​ពី​អំបោះ​ធ្មៃ និង​សញ្ញា​បញ្ជាក់​ពី​ភាព​ថ្លៃ‌ថ្នូរ​របស់​បូជា‌ចារ្យ ព្រម​ទាំង​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ

29. ខ្សែ​ក្រវាត់​ប៉ាក់​ធ្វើ​ពី​អំបោះ​ធ្មៃ លាយ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

30. គេ​បាន​ធ្វើ​គ្រឿង​អលង្ការ​ពី​មាស​សុទ្ធ មាន​រាង​ដូច​ផ្កា គឺ​ក្បាំង​សក្ការៈ ហើយ​គេ​ឆ្លាក់​អក្សរ​នៅ​លើ​នោះ ដូច​គេ​ឆ្លាក់​ត្រា​ថា «បូជា​ថ្វាយ​ព្រះ‌អម្ចាស់»។

31. គេ​ភ្ជាប់​គ្រឿង​អលង្ការ​នោះ​ទៅ​ផ្នែក​ខាង​លើ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ ដូច​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។

32. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​សង់​ព្រះ‌ពន្លា គឺ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ចប់​សព្វ​គ្រប់។ ពួក​គេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

33. គេ​នាំ​យក​ព្រះ‌ពន្លា​មក​ជូន​លោក​ម៉ូសេ គឺ​ក្រណាត់​ពន្លា និង​សម្ភារៈ​ទាំង​ប៉ុន្មាន​សម្រាប់​ដំឡើង​ពន្លា មាន​ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ

34. ស្បែក​ពពែ​ឈ្មោល​លាប​ពណ៌​ក្រហម និង​ស្បែក​ផ្សោត សម្រាប់​គ្រប​ពី​លើ​ក្រណាត់​ពន្លា និង​វាំងនន​ជា​រនាំង​របស់​ទី‌សក្ការៈ

35. ហិប​នៃ​សន្ធិ‌សញ្ញា ព្រម​ទាំង​ឈើ​ស្នែង និង​គម្រប​របស់​ហិប​នោះ។

36. តុ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​នំប៉័ង​សម្រាប់​តម្កល់​ថ្វាយ​ព្រះ‌ជាម្ចាស់។

37. ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ជា​មួយ​ចង្កៀង និង​ប្រេង​សម្រាប់​ដុត​បំភ្លឺ

38. អាសនៈ​មាស ប្រេង សម្រាប់​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប និង​រនាំង​ទ្វារ​ពន្លា។

និក្ខមនំ 39