19. គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។
20. គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដដេរជាប់គ្នា ហើយនៅពីលើខ្សែក្រវាត់របស់អាវអេផូដ។
21. គេយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
22. គេធ្វើអាវវែងមួយសម្រាប់ពាក់ពីក្រោមអាវអេផូដអំពីក្រណាត់ ដែលត្បាញដោយអំបោះពណ៌ស្វាយទាំងអស់។
23. នៅផ្នែកខាងលើរបស់អាវវែងនោះ គេកាត់ប្រឡោះមួយចំកណ្ដាលដូចអាវស្បែក។ គេដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យឆាប់រហែក គឺដេរតាមរបៀបដេរជាយអាវស្បែក។
24. នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដោយប្រើអំបោះធ្មៃ។
25. គេក៏ធ្វើកូនកណ្ដឹងជាច្រើនពីមាសសុទ្ធ ហើយដាក់កូនកណ្ដឹងនោះនៅចន្លោះរូបផ្លែទទឹមជុំវិញជាយអាវវែង។
26. គេដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។