16. គេធ្វើក្រចាប់មាសពីរ និងកងមាសពីរ ហើយគេភ្ជាប់កងមាសទាំងពីរនេះទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។
17. គេថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង
18. រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។
19. គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។
20. គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដដេរជាប់គ្នា ហើយនៅពីលើខ្សែក្រវាត់របស់អាវអេផូដ។
21. គេយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
22. គេធ្វើអាវវែងមួយសម្រាប់ពាក់ពីក្រោមអាវអេផូដអំពីក្រណាត់ ដែលត្បាញដោយអំបោះពណ៌ស្វាយទាំងអស់។
23. នៅផ្នែកខាងលើរបស់អាវវែងនោះ គេកាត់ប្រឡោះមួយចំកណ្ដាលដូចអាវស្បែក។ គេដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យឆាប់រហែក គឺដេរតាមរបៀបដេរជាយអាវស្បែក។
24. នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដោយប្រើអំបោះធ្មៃ។
25. គេក៏ធ្វើកូនកណ្ដឹងជាច្រើនពីមាសសុទ្ធ ហើយដាក់កូនកណ្ដឹងនោះនៅចន្លោះរូបផ្លែទទឹមជុំវិញជាយអាវវែង។
26. គេដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
27. គេបានត្បាញអាវក្នុងពីអំបោះធ្មៃ សម្រាប់លោកអើរ៉ុន និងកូនប្រុសរបស់លោក។
28. គេក៏បានធ្វើឆ្នួតក្បាលពីអំបោះធ្មៃ និងសញ្ញាបញ្ជាក់ពីភាពថ្លៃថ្នូររបស់បូជាចារ្យ ព្រមទាំងធ្វើខោខ្លីពីអំបោះធ្មៃ
29. ខ្សែក្រវាត់ប៉ាក់ធ្វើពីអំបោះធ្មៃ លាយជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
30. គេបានធ្វើគ្រឿងអលង្ការពីមាសសុទ្ធ មានរាងដូចផ្កា គឺក្បាំងសក្ការៈ ហើយគេឆ្លាក់អក្សរនៅលើនោះ ដូចគេឆ្លាក់ត្រាថា «បូជាថ្វាយព្រះអម្ចាស់»។
31. គេភ្ជាប់គ្រឿងអលង្ការនោះទៅផ្នែកខាងលើនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ ដូចព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
32. ជនជាតិអ៊ីស្រាអែលក៏បានសង់ព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់ចប់សព្វគ្រប់។ ពួកគេធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។