12. ជួរទីបី ត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់
13. ជួរទីបួន ត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងត្បូងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗដាំបង្កប់ទៅក្នុងក្រចាប់ធ្វើអំពីមាស។
14. ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗមានចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។
15. គេយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាដូចខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។
16. គេធ្វើក្រចាប់មាសពីរ និងកងមាសពីរ ហើយគេភ្ជាប់កងមាសទាំងពីរនេះទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។
17. គេថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង
18. រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។
19. គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។
20. គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដដេរជាប់គ្នា ហើយនៅពីលើខ្សែក្រវាត់របស់អាវអេផូដ។
21. គេយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
22. គេធ្វើអាវវែងមួយសម្រាប់ពាក់ពីក្រោមអាវអេផូដអំពីក្រណាត់ ដែលត្បាញដោយអំបោះពណ៌ស្វាយទាំងអស់។
23. នៅផ្នែកខាងលើរបស់អាវវែងនោះ គេកាត់ប្រឡោះមួយចំកណ្ដាលដូចអាវស្បែក។ គេដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យឆាប់រហែក គឺដេរតាមរបៀបដេរជាយអាវស្បែក។
24. នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដោយប្រើអំបោះធ្មៃ។
25. គេក៏ធ្វើកូនកណ្ដឹងជាច្រើនពីមាសសុទ្ធ ហើយដាក់កូនកណ្ដឹងនោះនៅចន្លោះរូបផ្លែទទឹមជុំវិញជាយអាវវែង។
26. គេដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។