1. គេបានយកក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ធ្វើសម្លៀកបំពាក់ពិធីបុណ្យ សម្រាប់ការងារក្នុងទីសក្ការៈ។ គេក៏បានធ្វើសម្លៀកបំពាក់សក្ការៈរបស់លោកអើរ៉ុន ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
2. គេបានធ្វើអាវអេផូដដោយប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងអំបោះធ្មៃ។
3. គេបានដំមាសជាបន្ទះយ៉ាងស្ដើង ហើយកាត់ជាសរសៃយ៉ាងឆ្មារ យកទៅប៉ាក់លំអជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម ក្រហមទុំ និងអំបោះធ្មៃ។
4. គេធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ*។
5. រីឯខ្សែក្រវាត់របស់អាវអេផូដ គេធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ គេដេរខ្សែក្រវាត់នេះជាប់នឹងអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
6. គេធ្វើក្រចាប់មាសបង្កប់ត្បូងមណីជោតិរស ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ តាមរបៀបដូចគេឆ្លាក់ត្រា។