11. នៅប៉ែកខាងជើង រនាំងមានបណ្ដោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។
12. នៅប៉ែកខាងលិច រនាំងមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់ រីឯទំពក់ និងមេរូតធ្វើពីប្រាក់។
13. នៅប៉ែកខាងកើត រនាំងមានប្រវែងហាសិបហត្ថ។
14. នៅច្រកចូលរនាំងម្ខាង មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។
15. ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។
16. រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។
17. ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិន ទំពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។
18. វាំងននរបស់ច្រកចូលទីលាន ប៉ាក់លំអដោយអំបោះពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ លាយនឹងអំបោះធ្មៃ ហើយមានបណ្ដោយម្ភៃហត្ថ និងកំពស់ប្រាំហត្ថដូចទទឹងរបស់រនាំងទីលានដែរ។
19. បង្គោលទាំងបួនរបស់វាំងនន និងជើងទ្រទាំងបួន ធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់ ហើយក្បាលបង្គោលក៏មានស្រោបប្រាក់ដែរ។
20. ចម្រឹងទាំងប៉ុន្មានរបស់ព្រះពន្លា និងចម្រឹងរនាំងរបស់ទីលានសុទ្ធតែធ្វើពីលង្ហិនទាំងអស់។
21. ពួកលេវីបានកត់ត្រាទុក តាមបញ្ជារបស់លោកម៉ូសេ នូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ព្រះពន្លា គឺព្រះពន្លានៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះក្រោមការណែនាំរបស់លោកអ៊ីថាម៉ា ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។
22. លោកបេតសាលាលដែលជាកូនរបស់លោកយូរី និងជាចៅលោកហ៊ើរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។