7. លោកយកមាសមកឆ្លាក់ធ្វើរូបចេរូប៊ីនពីរ ដាក់នៅចុងគម្របហិបទាំងសងខាង
8. លោកដាក់ភ្ជាប់រូបចេរូប៊ីនទាំងពីរនោះទៅនឹងគម្របហិប គឺចេរូប៊ីននីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។
9. រូបចេរូប៊ីនទាំងពីរប្រឈមមុខគ្នា ដោយឈ្ងោកមុខទៅរកគម្របហិប ព្រមទាំងត្រដាងស្លាបការពារគម្របហិបនេះទៀតផង។
10. លោកធ្វើតុមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកំពស់មួយហត្ថកន្លះ។
11. លោកយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។
12. នៅតាមជ្រុងទាំងបួន លោកធ្វើក្របដែលមានកំពស់មួយទះ មានក្បាច់មាសព័ទ្ធជុំវិញផង។
13. លោកបានសិតធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ b
14. កងមាសទាំងបួនស្ថិតនៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។
15. លោកយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។
16. លោកយកមាសសុទ្ធមកធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។
17. លោកយកមាសសុទ្ធតែមួយដុំមកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះមានឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។
18. មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។
19. ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។