4. ដូច្នេះ ពួកសិប្បករទាំងអស់ ដែលបំពេញការងារសង់ទីសក្ការៈ ទុកចោលការងាររបស់ខ្លួន
5. ហើយនាំគ្នាទៅជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយករបស់មកឲ្យពួកយើង ច្រើនលើសពីសេចក្ដីត្រូវការសម្រាប់ការងារ ដែលព្រះអម្ចាស់បង្គាប់ឲ្យពួកយើងធ្វើ»។
6. លោកម៉ូសេបានបញ្ជាឲ្យប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំឲ្យនាំយកតង្វាយសម្រាប់សង់ទីសក្ការៈមកទៀតឡើយ
7. ដ្បិតរបស់របរដែលបានទទួលសម្រាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។
8. សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបចេរូប៊ីន។
9. ផ្ទាំងក្រណាត់ទាំងអស់មានទំហំប៉ុនៗគ្នា គឺបណ្ដោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។
10. គេបានដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀត ក៏ដេរជាប់គ្នាដែរ។
11. គេយកអំបោះពណ៌ស្វាយវេញធ្វើខ្សែ ដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។
12. គេធ្វើខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកងដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរ នៅទន្ទឹមគ្នា។
13. គេធ្វើទំពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។
14. គេបានត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងពីរោមពពែ សម្រាប់គ្របពីលើព្រះពន្លា។