និក្ខមនំ 36:20-36 Khmer Standard Version (KHSV)

20. គេ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ស៊ុម សម្រាប់​បញ្ឈរ​ទ្រ​ក្រណាត់​ព្រះ‌ពន្លា​នោះ

21. ស៊ុម​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

22. នៅ​លើ​ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។

23. គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ សម្រាប់​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា។

24. គេ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

25. នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ

26. និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​មួយ។

27. នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​ប៉ែក​ខាង​លិច គេ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។

28. គេ​ធ្វើ​ស៊ុម​ពីរ​ទៀត សម្រាប់​ជ្រុង​ខាង​ក្រោយ​ព្រះ‌ពន្លា។

29. ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ​នេះ មាន​ទ្រង់‌ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយ‌សារ​កង​មួយ។

30. ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​នីមួយៗ។

31. គេ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សម្រាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះ‌ពន្លា

32. ឈើ​ទទឹង​ប្រាំ​សម្រាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះ‌ពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត សម្រាប់​ប៉ែក​ខាង​លិច​នៃ​ព្រះ‌ពន្លា។

33. គេ​ក៏​បាន​ធ្វើ​ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ដើម្បី​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះ‌ពន្លា។

34. គេ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សម្រាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ស្រោប​មាស​ដែរ។

35. គេ​ធ្វើ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ ដោយ​រូប​ចេរូប៊ីន។

36. គេ​បាន​ធ្វើ​បង្គោល​បួន​ពី​ឈើ​នាង‌នួន ស្រោប​មាស សម្រាប់​ថ្ពក់​វាំងនន រីឯ​ទំពក់​ក៏​ធ្វើ​ពី​មាស​ដែរ។ គេ​បាន​ធ្វើ​ជើង​ទ្រ​បួន ធ្វើ​អំពី​ប្រាក់ សម្រាប់​បញ្ឈរ​បង្គោល​ទាំង​នោះ។

និក្ខមនំ 36