17. រនាំងទីលាន ព្រមទាំងបង្គោល ជើងទ្រ និងវាំងននរបស់ទ្វារទីលាន
18. ចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ព្រមទាំងខ្សែចងពន្លា
19. សម្លៀកបំពាក់ពិធីបុណ្យសម្រាប់បំពេញមុខងារក្នុងទីសក្ការៈ គឺសម្លៀកបំពាក់សក្ការៈរបស់បូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសគាត់ ដែលបំពេញមុខងារជាបូជាចារ្យ»។
20. សហគមន៍អ៊ីស្រាអែលទាំងមូលក៏នាំគ្នាចាកចេញពីលោកម៉ូសេទៅ។
21. អស់អ្នកដែលមានចិត្តសទ្ធាជ្រះថ្លា និងចិត្តទូលាយ បាននាំយកតង្វាយដែលខ្លួនបានញែកទុកដោយឡែក មកថ្វាយព្រះអម្ចាស់ សម្រាប់សង់ពន្លាជួបព្រះអង្គ និងផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងពន្លា ព្រមទាំងសម្លៀកបំពាក់សក្ការៈ។
22. អស់អ្នកដែលមានចិត្តទូលាយ ទាំងប្រុស ទាំងស្រី បាននាំយកទំហូ ក្រវិល ចិញ្ចៀន និងបន្តោងខ្សែក ព្រមទាំងគ្រឿងអលង្ការគ្រប់យ៉ាងធ្វើពីមាសមក ហើយពួកគេថ្វាយគ្រឿងអំពីមាសទាំងនោះទៅព្រះអម្ចាស់។
23. អស់អ្នកដែលមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ និងក្រណាត់ធ្វើពីរោមពពែ ស្បែកចៀមជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ក៏នាំយករបស់ទាំងនោះមកថ្វាយដែរ។