10. ត្រូវឲ្យពួកជាងទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា មកធ្វើកិច្ចការទាំងអស់ដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើ
11. គឺសង់ព្រះពន្លា ដែលមានរោងក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ
12. ហិបនៃសម្ពន្ធមេត្រី ព្រមទាំងឈើស្នែង គម្របវាំងនន សម្រាប់ខណ្ឌទីសក្ការៈ
13. តុសម្រាប់តម្កល់នំប៉័ង ព្រមទាំងឈើស្នែង គ្រឿងបរិក្ខារទាំងអស់ និងនំប៉័ងដែលត្រូវតម្កល់ថ្វាយព្រះជាម្ចាស់
14. ជើងចង្កៀង និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយ ព្រមទាំងចង្កៀង និងប្រេងសម្រាប់ដុត
15. អាសនៈសម្រាប់គ្រឿងក្រអូប ព្រមទាំងឈើស្នែង ប្រេងសម្រាប់ពិធីលាប ប្រេង គ្រឿងក្រអូបសម្រាប់ដុត និងវាំងននសម្រាប់ទ្វារចូលព្រះពន្លា។
16. អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងបរិក្ខារទាំងអស់ ព្រមទាំងអាងទឹក និងកំណល់
17. រនាំងទីលាន ព្រមទាំងបង្គោល ជើងទ្រ និងវាំងននរបស់ទ្វារទីលាន
18. ចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ព្រមទាំងខ្សែចងពន្លា
19. សម្លៀកបំពាក់ពិធីបុណ្យសម្រាប់បំពេញមុខងារក្នុងទីសក្ការៈ គឺសម្លៀកបំពាក់សក្ការៈរបស់បូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសគាត់ ដែលបំពេញមុខងារជាបូជាចារ្យ»។
20. សហគមន៍អ៊ីស្រាអែលទាំងមូលក៏នាំគ្នាចាកចេញពីលោកម៉ូសេទៅ។
21. អស់អ្នកដែលមានចិត្តសទ្ធាជ្រះថ្លា និងចិត្តទូលាយ បាននាំយកតង្វាយដែលខ្លួនបានញែកទុកដោយឡែក មកថ្វាយព្រះអម្ចាស់ សម្រាប់សង់ពន្លាជួបព្រះអង្គ និងផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងពន្លា ព្រមទាំងសម្លៀកបំពាក់សក្ការៈ។
22. អស់អ្នកដែលមានចិត្តទូលាយ ទាំងប្រុស ទាំងស្រី បាននាំយកទំហូ ក្រវិល ចិញ្ចៀន និងបន្តោងខ្សែក ព្រមទាំងគ្រឿងអលង្ការគ្រប់យ៉ាងធ្វើពីមាសមក ហើយពួកគេថ្វាយគ្រឿងអំពីមាសទាំងនោះទៅព្រះអម្ចាស់។
23. អស់អ្នកដែលមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ និងក្រណាត់ធ្វើពីរោមពពែ ស្បែកចៀមជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ក៏នាំយករបស់ទាំងនោះមកថ្វាយដែរ។
24. អស់អ្នកដែលមានប្រាក់ និងលង្ហិន បាននាំយកតង្វាយដែលគេញែកទុកនោះ មកថ្វាយព្រះអម្ចាស់ អស់អ្នកដែលមានឈើនាងនួន បាននាំយកឈើនោះមក ដើម្បីធ្វើវត្ថុផ្សេងៗថ្វាយព្រះអម្ចាស់។
25. ស្ត្រីទាំងប៉ុន្មានដែលប៉ិនប្រសប់ខាងត្បាញ ក៏នាំយកក្រណាត់ដែលខ្លួនត្បាញមកថ្វាយដែរ គឺមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ។