1. លោកម៉ូសេបានប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយលោកមានប្រសាសន៍ទៅពួកគេថា៖ «នេះជាសេចក្ដីដែលព្រះអម្ចាស់បង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម:
2. ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរ ជាថ្ងៃសក្ការៈ គឺថ្ងៃសប្ប័ទ ដែលជាថ្ងៃបុណ្យថ្វាយព្រះអម្ចាស់។ អ្នកដែលធ្វើការនៅថ្ងៃនោះ នឹងត្រូវគេប្រហារជីវិត។
3. នៅថ្ងៃសប្ប័ទ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក្ដី ក៏មិនត្រូវបង្កាត់ភ្លើងដែរ»។
4. លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងអស់ថា៖ «នេះជាសេចក្ដីដែលព្រះអម្ចាស់បង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម:
5. ត្រូវញែកអ្វីៗដែលអ្នករាល់គ្នាមាន មួយចំណែក ថ្វាយព្រះអម្ចាស់។ អស់អ្នកដែលមានចិត្តសទ្ធា ត្រូវនាំយកតង្វាយដែលខ្លួនញែកទុកនេះ មកថ្វាយព្រះអម្ចាស់ គឺមាន មាស ប្រាក់ លង្ហិន
6. សំពត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ និងក្រណាត់ធ្វើពីរោមពពែ
7. ស្បែកចៀមជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន
8. ប្រេងសម្រាប់ដុតចង្កៀង គ្រឿងក្រអូបសម្រាប់លាយប្រេង ដែលប្រើក្នុងពិធីលាបប្រេង គ្រឿងក្រអូបសម្រាប់ដុត
9. ត្បូងមណីជោតិរស និងត្បូងឯទៀតៗ សម្រាប់លំអអាវអេផូដ* និងប្រដាប់ពាក់លើទ្រូង។
10. ត្រូវឲ្យពួកជាងទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា មកធ្វើកិច្ចការទាំងអស់ដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើ
11. គឺសង់ព្រះពន្លា ដែលមានរោងក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ
12. ហិបនៃសម្ពន្ធមេត្រី ព្រមទាំងឈើស្នែង គម្របវាំងនន សម្រាប់ខណ្ឌទីសក្ការៈ
13. តុសម្រាប់តម្កល់នំប៉័ង ព្រមទាំងឈើស្នែង គ្រឿងបរិក្ខារទាំងអស់ និងនំប៉័ងដែលត្រូវតម្កល់ថ្វាយព្រះជាម្ចាស់
14. ជើងចង្កៀង និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយ ព្រមទាំងចង្កៀង និងប្រេងសម្រាប់ដុត