5. ព្រះអម្ចាស់បានចុះមកក្នុងពពក* ហើយគង់នៅទីនោះ ក្បែរលោកម៉ូសេ ទាំងប្រកាសព្រះនាមព្រះអម្ចាស់។
6. បន្ទាប់មក ព្រះអម្ចាស់បានឆ្លងកាត់ពីមុខលោកម៉ូសេ ទាំងប្រកាសថា៖ «ព្រះអម្ចាស់ ព្រះអម្ចាស់ ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។
7. ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា រហូតដល់មួយពាន់ដំណ ព្រះអង្គតែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកធ្វើខុស ព្រះអង្គដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។
8. លោកម៉ូសេប្រញាប់ប្រញាល់ក្រាបដល់ដី ថ្វាយបង្គំព្រះអម្ចាស់។
9. លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ព្រះអង្គអត់ទោសចំពោះកំហុស និងអំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្ត ហើយព្រះអង្គទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ»។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា។ យើងនឹងសម្តែងការអស្ចារ្យ ឲ្យប្រជាជនអ៊ីស្រាអែលឃើញ ជាការអស្ចារ្យដែលមិនធ្លាប់មានកាលពីមុនមក នៅលើផែនដី និងនៅក្នុងចំណោមប្រជាជាតិនានា។ ប្រជាជននៅជាមួយអ្នកនឹងឃើញស្នាព្រះហស្ដដ៏គួរឲ្យកោតស្ញប់ស្ញែង ដែលព្រះអម្ចាស់បានធ្វើ តាមរយៈអ្នក។
11. ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្ដេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។
12. ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមិត្តជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ ក្នុងចំណោមអ្នក។
13. ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ព្រមទាំងផ្ដួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។