26. ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
27. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាពាក្យទាំងនេះទុក ដ្បិតពាក្យទាំងនេះជាមូលដ្ឋាននៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នក និងប្រជាជនអ៊ីស្រាអែល»។
28. លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។
29. លោកម៉ូសេចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញា។ ពេលចុះពីភ្នំ លោកពុំដឹងថាផ្ទៃមុខរបស់លោកបញ្ចេញរស្មី ព្រោះតែលោកបានសន្ទនាជាមួយព្រះអម្ចាស់នោះទេ។
30. លោកអើរ៉ុន និងជនជាតិអ៊ីស្រាអែលទាំងអស់ ឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតលោកឡើយ។
31. លោកម៉ូសេបានហៅពួកគេ ហើយលោកអើរ៉ុន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតលោក រួចលោកមានប្រសាសន៍ជាមួយពួកគេ។
32. បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចូលមកជិតលោក ហើយលោកក៏ថ្លែងប្រាប់ពួកគេនូវបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកនៅលើភ្នំស៊ីណៃ។