17. មិនត្រូវយកលោហធាតុមកសិតធ្វើជារូបព្រះឡើយ។
18. ត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ គឺអ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែចេត្រនោះ យើងបាននាំអ្នកចេញពីស្រុកអេស៊ីប។
19. កូនប្រុសច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ហើយកូនឈ្មោលដំបូងរបស់គោ និងចៀមពីក្នុងហ្វូងសត្វរបស់អ្នក ក៏ជាកម្មសិទ្ធិរបស់យើងដែរ។
20. រីឯកូនដំបូងរបស់សត្វលា អ្នកត្រូវយកកូនចៀមមកលោះ បើអ្នកមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នកក៏ត្រូវលោះកូនប្រុសច្បងទាំងអស់របស់អ្នកដែរ។ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។
21. អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទ* ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។
22. អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប* នៅពេលចាប់ផ្ដើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។
23. ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលចំនួនបីដង។
24. កាលយើងបណ្ដេញជាតិសាសន៍នានាចេញពីមុខអ្នក យើងនឹងពង្រីកទឹកដីរបស់អ្នក។ ក្នុងអំឡុងពេលទាំងបីដងក្នុងមួយឆ្នាំ ដែលអ្នកមកបង្ហាញខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក គ្មាននរណាលោភលន់ចង់បានដីរបស់អ្នកឡើយ។
25. មិនត្រូវយកនំប៉័ងមានមេ មកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់យញ្ញបូជានៃពិធីបុណ្យចម្លង រហូតដល់ព្រឹកស្អែកដែរ។
26. ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
27. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាពាក្យទាំងនេះទុក ដ្បិតពាក្យទាំងនេះជាមូលដ្ឋាននៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នក និងប្រជាជនអ៊ីស្រាអែល»។
28. លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។
29. លោកម៉ូសេចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញា។ ពេលចុះពីភ្នំ លោកពុំដឹងថាផ្ទៃមុខរបស់លោកបញ្ចេញរស្មី ព្រោះតែលោកបានសន្ទនាជាមួយព្រះអម្ចាស់នោះទេ។
30. លោកអើរ៉ុន និងជនជាតិអ៊ីស្រាអែលទាំងអស់ ឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតលោកឡើយ។