13. ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ព្រមទាំងផ្ដួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។
14. មិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ដ្បិតយើងជាព្រះអម្ចាស់ យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះផ្សេងជាដាច់ខាត។
15. កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើយញ្ញបូជាដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។
16. ម្យ៉ាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។
17. មិនត្រូវយកលោហធាតុមកសិតធ្វើជារូបព្រះឡើយ។
18. ត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ គឺអ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែចេត្រនោះ យើងបាននាំអ្នកចេញពីស្រុកអេស៊ីប។
19. កូនប្រុសច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ហើយកូនឈ្មោលដំបូងរបស់គោ និងចៀមពីក្នុងហ្វូងសត្វរបស់អ្នក ក៏ជាកម្មសិទ្ធិរបស់យើងដែរ។
20. រីឯកូនដំបូងរបស់សត្វលា អ្នកត្រូវយកកូនចៀមមកលោះ បើអ្នកមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នកក៏ត្រូវលោះកូនប្រុសច្បងទាំងអស់របស់អ្នកដែរ។ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។
21. អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទ* ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។
22. អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប* នៅពេលចាប់ផ្ដើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។
23. ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលចំនួនបីដង។