9. កាលលោកម៉ូសេចូលផុតទៅក្នុងពន្លា នោះដុំពពក*ក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។
10. ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លា នោះពួកគេនាំគ្នាក្រាបថ្វាយបង្គំពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។
12. លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្គាប់ឲ្យទូលបង្គំនាំប្រជាជននេះឆ្ពោះទៅទឹកដីសន្យា ប៉ុន្តែ ព្រះអង្គពុំបានប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គនឹងចាត់នរណាឲ្យទៅជាមួយទូលបង្គំឡើយ។ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គស្គាល់ទូលបង្គំច្បាស់ ហើយព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំទៀតផង។
13. ឥឡូវនេះ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែននោះ សូមបង្ហាញមាគ៌ារបស់ព្រះអង្គមកទូលបង្គំ ដើម្បីឲ្យទូលបង្គំស្គាល់ព្រះអង្គ ហើយគាប់ព្រះហឫទ័យព្រះអង្គទៀតផង។ សូមនឹកចាំថាប្រជាជាតិនេះជាប្រជារាស្ត្ររបស់ព្រះអង្គ»។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្ដល់សេចក្ដីសុខសាន្តដល់អ្នក»។
15. លោកម៉ូសេទូលថា៖ «ប្រសិនបើព្រះអង្គមិនយាងទៅជាមួយយើងខ្ញុំទេ សូមកុំឲ្យយើងខ្ញុំចាកចេញពីនេះឡើយ។
16. តើធ្វើយ៉ាងណាដើម្បីឲ្យគេដឹងថា ព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ ព្រមទាំងប្រជារាស្ត្ររបស់ព្រះអង្គ? គឺមានតែព្រះអង្គយាងទៅជាមួយយើងខ្ញុំប៉ុណ្ណោះ ទើបគេឃើញថា ទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គ ខុសប្លែកពីជាតិសាសន៍ទាំងឡាយនៅលើផែនដី»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើតាមសំណូមពររបស់អ្នក ដ្បិតយើងពេញចិត្តនឹងអ្នក ហើយស្គាល់អ្នកយ៉ាងច្បាស់»។
18. លោកម៉ូសេទូលថា៖ «សូមព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គឲ្យទូលបង្គំឃើញផង»។
19. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងសម្តែងសេចក្ដីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះយើង ជាព្រះអម្ចាស់ នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណាដែលយើងមេត្តាករុណា យើងក៏នឹងមានចិត្តអាណិតអាសូរដល់នរណាដែលយើងអាណិតអាសូរដែរ»។
20. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតឡើយ»។
21. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឈរជិតយើងលើដុំថ្ម នៅកន្លែងនេះ!