និក្ខមនំ 33:8-12 Khmer Standard Version (KHSV)

8. ពេល​ណា​លោក​ម៉ូសេ​ចេញ​ទៅ​កាន់​ពន្លា ប្រជា‌ជន​ទាំង​អស់​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន ហើយ​តាម​មើល​លោក​ម៉ូសេ​រហូត​ទាល់​តែ​លោក​ចូល​ទៅ​ក្នុង​ពន្លា។

9. កាល​លោក​ម៉ូសេ​ចូល​ផុត​ទៅ​ក្នុង​ពន្លា នោះ​ដុំ​ពពក*​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ។

10. ប្រជា‌ជន​ទាំង​អស់​ឃើញ​ដុំ​ពពក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា នោះ​ពួក​គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ពី​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទល់​មុខ​គ្នា ហាក់​ដូច​ជា​មនុស្ស​ម្នាក់​សន្ទនា​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន។ បន្ទាប់​មក លោក​ម៉ូសេ​វិល​ត្រឡប់​មក​ជំរំ​វិញ។ រីឯ​យុវជន​ជា​អ្នក​បម្រើ​របស់​លោក គឺ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន មិន​ចាក​ចេញ​ពី​ពន្លា​ទេ។

12. លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​ទូលបង្គំ​នាំ​ប្រជា‌ជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ព្រះ‌អង្គ​ពុំ​បាន​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះ‌អង្គ​នឹង​ចាត់​នរណា​ឲ្យ​ទៅ​ជា​មួយ​ទូលបង្គំ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​ស្គាល់​ទូលបង្គំ​ច្បាស់ ហើយ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​ទៀត​ផង។

និក្ខមនំ 33