និក្ខមនំ 33:4-9 Khmer Standard Version (KHSV)

4. ពេល​ប្រជា‌ជន​ឮ​ព្រះ‌បន្ទូល​នេះ ពួក​គេ​កើត​ទុក្ខ​ព្រួយ ហើយ​គ្មាន​នរណា​ពាក់​គ្រឿង​អលង្ការ​ទៀត​ឡើយ។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​រឹង‌រូស! ប្រសិន​បើ​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ‌ភ្លែត នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​ជា​មិន​ខាន។ ចូរ​ដោះ​គ្រឿង​អលង្ការ​ចេញ នោះ​យើង​នឹង​សម្រេច​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​អ្នក​រាល់​គ្នា»។

6. ដូច្នេះ ក្រោយ​ពេល​ចាក​ចេញ​ពី​ភ្នំ​ហោរែប ប្រជា‌ជន​អ៊ីស្រា‌អែល​លែង​ពាក់​គ្រឿង​អលង្ការ​ទៀត​ហើយ។

7. នៅ​ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​បោះ​ជំរំ លោក​ម៉ូសេ​តែងតែ​ដំឡើង​ពន្លា​នៅ​ខាង​ក្រៅ ឆ្ងាយ​ពី​ជំរំ​បន្តិច គេ​ហៅ​ពន្លា​នេះ​ថា “ពន្លា​ជួប​ព្រះ‌អម្ចាស់” ហើយ​អស់​អ្នក​ដែល​ចង់​ទូល​សួរ​ព្រះ‌អម្ចាស់ ត្រូវ​តែ​ចេញ​ពី​ជំរំ ឆ្ពោះ​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដែល​នៅ​ខាង​ក្រៅ​ជំរំ។

8. ពេល​ណា​លោក​ម៉ូសេ​ចេញ​ទៅ​កាន់​ពន្លា ប្រជា‌ជន​ទាំង​អស់​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន ហើយ​តាម​មើល​លោក​ម៉ូសេ​រហូត​ទាល់​តែ​លោក​ចូល​ទៅ​ក្នុង​ពន្លា។

9. កាល​លោក​ម៉ូសេ​ចូល​ផុត​ទៅ​ក្នុង​ពន្លា នោះ​ដុំ​ពពក*​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ។

និក្ខមនំ 33