15. លោកម៉ូសេទូលថា៖ «ប្រសិនបើព្រះអង្គមិនយាងទៅជាមួយយើងខ្ញុំទេ សូមកុំឲ្យយើងខ្ញុំចាកចេញពីនេះឡើយ។
16. តើធ្វើយ៉ាងណាដើម្បីឲ្យគេដឹងថា ព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ ព្រមទាំងប្រជារាស្ត្ររបស់ព្រះអង្គ? គឺមានតែព្រះអង្គយាងទៅជាមួយយើងខ្ញុំប៉ុណ្ណោះ ទើបគេឃើញថា ទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គ ខុសប្លែកពីជាតិសាសន៍ទាំងឡាយនៅលើផែនដី»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើតាមសំណូមពររបស់អ្នក ដ្បិតយើងពេញចិត្តនឹងអ្នក ហើយស្គាល់អ្នកយ៉ាងច្បាស់»។
18. លោកម៉ូសេទូលថា៖ «សូមព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គឲ្យទូលបង្គំឃើញផង»។
19. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងសម្តែងសេចក្ដីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះយើង ជាព្រះអម្ចាស់ នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណាដែលយើងមេត្តាករុណា យើងក៏នឹងមានចិត្តអាណិតអាសូរដល់នរណាដែលយើងអាណិតអាសូរដែរ»។