1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាកចេញពីទីនេះ ជាមួយប្រជាជនដែលអ្នកបាននាំចេញមកពីស្រុកអេស៊ីប ហើយចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ថានឹងប្រគល់ឲ្យពូជពង្សរបស់គេ។
2. យើងនឹងចាត់ទេវតារបស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្ដេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
3. អ្នករាល់គ្នានឹងចូលទៅក្នុងស្រុក ដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ ប៉ុន្តែ យើងនឹងមិននៅជាមួយអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសនៅតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាប្រជាជនរឹងរូស»។
4. ពេលប្រជាជនឮព្រះបន្ទូលនេះ ពួកគេកើតទុក្ខព្រួយ ហើយគ្មាននរណាពាក់គ្រឿងអលង្ការទៀតឡើយ។
5. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាជាប្រជាជនរឹងរូស! ប្រសិនបើយើងនៅជាមួយអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសជាមិនខាន។ ចូរដោះគ្រឿងអលង្ការចេញ នោះយើងនឹងសម្រេចថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។
6. ដូច្នេះ ក្រោយពេលចាកចេញពីភ្នំហោរែប ប្រជាជនអ៊ីស្រាអែលលែងពាក់គ្រឿងអលង្ការទៀតហើយ។
7. នៅពេលប្រជាជនអ៊ីស្រាអែលបោះជំរំ លោកម៉ូសេតែងតែដំឡើងពន្លានៅខាងក្រៅ ឆ្ងាយពីជំរំបន្តិច គេហៅពន្លានេះថា “ពន្លាជួបព្រះអម្ចាស់” ហើយអស់អ្នកដែលចង់ទូលសួរព្រះអម្ចាស់ ត្រូវតែចេញពីជំរំ ឆ្ពោះទៅពន្លាជួបព្រះអម្ចាស់ ដែលនៅខាងក្រៅជំរំ។
8. ពេលណាលោកម៉ូសេចេញទៅកាន់ពន្លា ប្រជាជនទាំងអស់ឈរនៅមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេរហូតទាល់តែលោកចូលទៅក្នុងពន្លា។
9. កាលលោកម៉ូសេចូលផុតទៅក្នុងពន្លា នោះដុំពពក*ក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។
10. ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លា នោះពួកគេនាំគ្នាក្រាបថ្វាយបង្គំពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។
12. លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្គាប់ឲ្យទូលបង្គំនាំប្រជាជននេះឆ្ពោះទៅទឹកដីសន្យា ប៉ុន្តែ ព្រះអង្គពុំបានប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គនឹងចាត់នរណាឲ្យទៅជាមួយទូលបង្គំឡើយ។ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គស្គាល់ទូលបង្គំច្បាស់ ហើយព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំទៀតផង។