24. ខ្ញុំបានប្រាប់ពួកគេថា អ្នកណាមានមាស សុំយកមកឲ្យខ្ញុំ។ ពួកគេយកមាសមកឲ្យខ្ញុំ ខ្ញុំក៏បោះមាសទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះ»។
25. លោកម៉ូសេឃើញថា លោកអើរ៉ុនបណ្ដោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។
26. លោកទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់ព្រះអម្ចាស់ អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នាមកមូលផ្ដុំជុំវិញលោកម៉ូសេ។
27. លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្ដិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។
28. កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រាអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។
29. លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាញែកខ្លួនបម្រើព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនបានរារែកចិត្តក្នុងការប្រហារជីវិតកូន ឬបងប្អូនរបស់ខ្លួនឡើយ។ ដូច្នេះ សូមព្រះអង្គប្រទានព្រះពរដល់អ្នករាល់គ្នានៅថ្ងៃនេះ»។
30. លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅគាល់ព្រះអម្ចាស់ម្ដងទៀត។ ប្រហែលជាខ្ញុំអាចសូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។